មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹក បានរៀបចំពិធីទូងស្គរ អបអរសាទរនៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌនៃអង្គការយូណេស្គូ នៃកិច្ចប្រជុំលើកទី៤៥ នៃទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រេចបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្គូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវនឹងម៉ោង១២៖២៨នាទីរសៀល នៅទីក្រុងរីយ៉ាដ និងត្រូវនឹងម៉ោង ៤៖២៨នាទី រសៀល ម៉ោងនៅកម្ពុជា៕ អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ រូបភាព៖ ហាប់ គឹមអាន
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាលោកជំទាវ ដាំ ដារិនី តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសែនក្រុងពាលីតាមប្រពៃណីសាសនាសុំសេចក្តីសុខចម្រុងចម្រើន ដើម្បីរៀបចំពិធីអបអរសាទរការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ពិធីនេះ មានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ មន្រ្តីរាជការ សិល្បករ សិល្បការិនី ក្នុងនិងក្រៅប្រព័ន្ធជាច្រើនរូប។ ព្រឹត្តិការណ៍អបអរសាទរការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុរវជនសសយក និងប្រជាពលរដ្ឋ សរុបប្រមាណ ៩០០០នាក់។
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធី ទូងស្គរជ័យ ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ និងជាតំណាង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានការចូលរួមដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំងមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ សូមជម្រាបថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព…
សេចក្តីជូនដំណឹង ស្តីពីលក្ខណៈវិនិច្ឆ័យនៃតម្លៃលេចធ្លោជាសាកលរបស់ រមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
បន្ទាប់ពីបានបញ្ចប់បេសកកម្មចូលរួមកិច្ចប្រជុំលើក៤៥ របស់គណ:កម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ប្រកបដោយជោគជ័យរួចមក នាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានដឹកនាំគណ:ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: វិលត្រឡប់មកមាតុប្រទេសវិញ ក្រោមវត្តមានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្តីមោទន:ពីសំណាក់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងថ្នាក់នាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាច្រើនរូប។ សូមបញ្ជាក់ជូនថា តាមរយៈកិច្ចប្រជុំគណ:កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នេះ កម្ពុជាក្នុងនាមជារដ្ឋភាគីបានទទួលលទ្ធផលធំៗចំនួន២ គឺ ១. ការពិនិត្យអនុម័តលើរបាយការណ៍សមិទ្ធផលនៃកិច្ចអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ និងតំបន់ប្រាសាទសំបូព្រៃគុក ។ ២. ការអនុម័ត ចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់តម្លៃលេចធ្លោជាសាកល និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហាចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។
ក្រៅពីការងារស្នូលរបស់ខ្លួន ភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំនៅគោលដៅក្រុងអង្គរធំ បានចូលរួមរៀបចំដាំបង្គោលក្រាក់នៅខាងៗផ្លូវក្បែរប្រាង្គប្រាសាទ ដើម្បីបង្ការយានយន្តគ្រប់ប្រភេទចូលទៅដល់ប្រាសាទ ឬជិតប្រាសាទ និងចតមិនមានសណ្តាប់ធ្នាប់ ព្រមទាំងដាំស្មៅដើម្បីលើកសោភ័ណភាពបៃតងនៅជុំវិញប្រាសាទបាយ័នកាន់តែមានភាពស្រស់បំព្រង។ កញ្ញា នៅ ចិន្តា អនុប្រធានភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំនៅគោលដៅប្រាសាទបាយ័ន បានឱ្យដឹងថា ការដាំបង្គោលក្រាក់ និងដាំស្មៅនេះ មានបួនទីតាំង គឺនៅខាងលិច ខាងត្បូង ខាងកើត និងខាងជើងនៃប្រាសាទបាយ័នត្រង់ចំណុចដែលមានដើមឈើធំៗ ដីស្ងួត និងមិនមានស្មៅដុះ។ កញ្ញា ចិន្តា បន្តថា នៅមុនពេលរៀបចំដាំជាបង្គោលក្រាក់ និងដាំស្មៅឃើញថា ទីតាំងមួយចំនួនត្រូវបានចតយានយន្តដោយមិនមានសណ្ដាប់ធ្នាប់។ ប៉ុន្តែ ក្រោយពីដាំស្មៅរួចរាល់ឃើញថាទីតាំងទាំងនោះមានពណ៌បៃតង និងមិនមានការចតយានជំនិះផ្ដេសផ្ដាសទៀតឡើយ។ ក្រុមការងារនឹងថែទាំស្មៅទាំងនោះដើម្បីរក្សាបាននូវភាពបៃតងគ្រប់រដូវកាល។ ភ្នាក់ងារសណ្តាប់ធ្នាប់ ដែលបានចូលរួមក្នុងការងារនេះ សម្តែងការសប្បាយចិត្ត ដែលជួយលើកសោភ័ណភាពប្រាសាទ រក្សាបាននូវសណ្តាប់ធ្នាប់ល្អក្នុងបរិវេណក្រុងអង្គរធំ ពិសេសចំណុចប្រាសាទបាយ័ន។ សកម្មភាពនេះ ក៏នឹងផ្លាស់ប្ដូរពីដីទំនេរមកជាមានស្មៅពណ៌បៃតងគ្រប់រដូវកាល បង្កើននូវទេសភាពវប្បធម៌ ហើយក៏អាចទាក់ទាញអារម្មណ៍ភ្ញៀវទេសចរឱ្យចង់មកទស្សនាបន្ថែមទៀត៕ អត្ថបទ: យី សុថា រូបភាព: ភោគ ជា
នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្រ្តបង្រៀននិងគ្រប់គ្រងថ្នាក់រៀន ក្រោមអធិបតីភាពឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី អមដោយឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងសិក្ខាកាមជាលោកគ្រូអ្នកគ្រូសាលាមធ្យមវិចិត្រសិល្បៈចូលរួមចំនួន១០២រូប។ លោក ហេង កំសាន្ត នាយកស្តីទីសាលាមធ្យមវិចិត្រសិល្បៈ ក៏បានថ្លែងថាវគ្គបណ្តុះបណ្តាលនេះនឹងលើកឡើងបង្ហាញពីការអប់រំសីលធម៌ និងការគ្រប់គ្រងចិត្ត ដើម្បីប្រសិទ្ធភាពនៃការបង្រៀន ក្រមសីលធម៌និងវិជ្ជាជីវៈគ្រូបង្រៀន របៀបនៃការសរសេរប្លង់ មុខវិជ្ជា វិធីសាស្ត្រតាមបែបមជ្ឈមណ្ឌលសិស្សមជ្ឈមណ្ឌលវិធីសាស្ត្របង្រៀនក្នុងបរិបទថ្មីបែប ឌីជីថល វិធីសាស្ត្របង្រៀនតាមបែបដោះស្រាយបញ្ហាតាមបែបសហការនិងតាមបែបឯករាជ្យ។ ទន្ទឹមនេះដែរ លោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ បានថ្លែងដែរថា ផ្អែកលើគោលនយោបាយនិងយុទ្ធសាស្រ្តកំណែទម្រង់របស់រាជរដ្ឋាភិបាល សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ ដែលជាអង្គភាពចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានបេសកកម្ម និងភារកិច្ចកាន់តែសំខាន់ឡើង ក្នុងមុខងារជាអ្នកផ្តល់ការគាំទ្រលើវិស័យបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធនមនុស្សដល់អង្គភាពមន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការធ្វើទំនើបកម្មមុខងារសាធារណៈ ឱ្យប្រកបដោយធនធាន ដែលមានគុណភាព មានវិជ្ជាជីវៈ ជាបញ្ញាជន វិញ្ញូជនរដ្ឋបាល ជាអ្នកគ្រប់គ្រង និងដំណើរការរដ្ឋបាលប្រកបដោយសមត្ថភាព ជាមន្រ្តីរាជការដែលប្រកាន់យកសីលធម៌ថ្លៃថ្នូរ និងជាអ្នកបម្រើការងាររដ្ឋបាល និងប្រជានជន ប្រកបដោយប្រសិទ្ធភាព។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា…
ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអអប្សរា បានប្រទះឃើញសំណង់រចនាសម្ពន្ធថ្មីមួយដែលគេពុំធ្លាប់បានដឹងពីមុនមកទាល់តែសោះ គឺការសង់ជញ្ជាំងខឿនថ្មពីរជាន់ត្រួតគ្នានៅរួតទីបីរបស់ប្រាសាទបាយ័ន។ ការប្រទះឃើញសំណង់ដែលខុសប្លែកពីប្រាសាទបុរាណនានាទាំងអស់នេះ គឺក្នុងកំឡុងពេលដែលក្រុមការងារបច្ចេកទេសជួសជុលប្រាសាទកំពុងជួសជុលពង្រឹងរចនាសម្ពន្ធប្រាសាទនៅរួតទីបីនៃប្រាសាទ។ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣ នៅប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលក្រុមអ្នកបច្ចេកទេសរកឃើញថា មានការសាងសង់ខឿនប្រាសាទបុរាណត្រួតគ្នារហូតដល់ពីរជាន់នៅរួតទីបីនៃប្រាសាទបាយ័នដែល ខុសប្លែកពីសំណង់ប្រាសាទបុរាណនានា ដោយគេឃើញសង់ខឿនមួយជាន់រួចហើយ មានសង់ខឿនមួយទៀតបន្ថែមពីខាងក្រៅ ព្រមទាំងការប្តូរប្លង់ស្ថាបត្យកម្មក្នុងកំឡុងពេលសាងសង់នោះផង។ ក្រុមអ្នកបច្ចេកទេសបានសង្កេតឃើញថា ខឿនដែលសាងសង់មុន គឺអត់សូវមានក្បាច់រចនាទេ គឺមានតែស្នាមដាប់រំលីងថ្មតែប៉ុណ្ណោះ ចំណែកឯ ខឿនដែលសាងសង់ពង្រីកក្រោយ គឺឃើញមានក្បាច់រចនាជាចម្លាក់ពងត្រីយ៉ាងស្អាត។ ក្រុមស្ថាបត្យករ បានសន្និដ្ឋានថា ការសាងសង់ខឿនប្រាសាទបុរាណថែមថយបែបនេះ ប្រហែលបណ្តាលមកពីអ្នកសាងសង់មានការផ្លាស់ប្តូរគំនិតនៃការរចនាសំណង់ឱ្យកាន់តែស្អាតជាងមុន។ កញ្ញា សុវណ្ណលីលីន ពន្យល់ទៀតថា ការប្រទះឃើញសំណង់ប្រាសាទបុរាណមានខឿនពីរជាន់នេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបង្ហាញឱ្យអ្នកសិក្សាស្រាវជ្រាវសំណង់ ស្ថាបត្យកម្មនៅតាមប្រាសាទខ្មែរបុរាណកាន់តែបានស្វែងយល់បន្ថែមទៀត សម្រាប់ការចងក្រងផ្នែកស្ថាបត្យកម្មសម័យអង្គរទុកជាឯកសារឱ្យអ្នកស្រាវជ្រាវជំនាន់ក្រោយ៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក យី សុថា/លោក ភោគ ជា/លោក អូលីវីយេ គុណាំង
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានដឹកជញ្ជូនសត្វឆ្មាដាវ(Leopard Cat) ញីមួយក្បាល ពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារគម្រោង មានគម្រោងដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។ តាមរយៈគម្រោងនេះដែរ កន្លងមកគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ(Pileated gibbon) ចំនួន១៥ក្បាល(កើតកូនបានចំនួន៧ក្បាល) សត្វឈ្លូស(Red muntjac) ចំនួន៦ក្បាល សត្វស្វាព្រាម(Silvered langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប(Common palm civets) ចំនួន៧ក្បាល សត្វភេខ្លួនរលោង(Smooth-coated otter) ចំនួន៨ក្បាល(កើតកូនបានចំនួន៥ក្បាល) សត្វឆ្មាដាវ(Leopard Cat) ចំនួន២ក្បាល កេងកងតូច(Oriental Pied Hornbill) ចំនួន៧ក្បាល កេងកងធំ(Great Hornbill) ចំនួន៦ក្បាល ព្វាំង(Wreathed Hornbill) ចំនួន៧ក្បាល សត្វក្ងោក(Peafowl) ចំនួន៩ក្បាល សត្វអន្សង(Common Water Monitor) ចំនួន១ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត…
កូនឈើចម្រុះជិត៤០០ដើម និងស្មៅ៣០០ម៉ែត្រការ៉េទៀត ត្រូវបានដាំនៅបរិវេណរមណីយដ្ឋានអង្គរ នៅក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានសហការជាមួយសាលា ប៊ែលធី អន្តរជាតិ និងប៊ែលធី ទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក និងសិស្សានុសិស្សជ័យលាភីនៃសាលា ប៊ែលធី អន្តរជាតិ ជាង២០០នាក់ បានដាំកូនឈើចម្រុះចំនួន៣៨០ដើម និងស្មៅចំនួន៣០០ម៉ែត្រការ៉េ នៅបរិវេណខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត(អតីតផ្សារយាងធំ)។ ការដាំដើមឈើនេះសោត ធ្វើឡើងក្នុងបំណងដើម្បីបណ្តុះស្មារតីសិស្សានុសិស្សគ្រប់ៗរូប ស្រឡាញ់ព្រៃឈើ ស្រឡាញ់បរិស្ថាន និងដាំទុកជាអនុស្សាវរីយ៍ ក៏ដូចជាបង្កើនសោភ័ណភាពក្នុងឧទ្យានអង្គរ៕ អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ