លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញអុជធូប និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ។ កម្មវិធីបួងសួងថ្ងៃនេះនរួមមាន៖ ១. ពិធីអុជធូប ថ្វាយផ្កានៅព្រះអង្គចេកព្រះអង្គចម (មុខព្រះរាជដំណាក់) ២. បួងសួងនៅមុខរូបសំណាកមេទ័ពទាំង១២ ៣. ថ្វាយគ្រឿងសក្ការៈ លោកយាយទេព ៤.ថ្វាយគ្រឿងសក្ការៈ ព្រះឥន្ទ្រកោសីយ៍ ពិធីនោះផងដែរក៏មានវត្តមាន លោកជំទាវ ហង់ ភារី អ៉ឹម សិទ្ធី, ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា គណៈអភិបាល នៃអភិបាលខេត្តសៀមរាប ឯកឧត្តម…
នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី ដោយមានការអញ្ជើញចូលរួមដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ជាសហប្រធានកិច្ចប្រជុំ ព្រមទាំងការអញ្ជើញចូលរួម ឯកអគ្គរដ្ឋទូតសហព័ន្ធមីយ៉ាន់ម៉ា តំណាងស្ថានទូតថៃ ឡាវ និងវៀតណាម ព្រមទាំង ថ្នាក់ដឹកនាំ និងមន្រី្ត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាច្រើនរូប។ កិច្ចប្រជុំនេះបានពិភាក្សានិងសម្រេចលទ្ធផលសំខាន់ៗមួយចំនួនដូចជា៖ ១. កំណត់ឲ្យភាគីកម្ពុជានិងឥណ្ឌារៀបចំសេចក្តីព្រាងMOU ហើយភាគីទាំងអស់នឹងពិនិត្យ សម្រេចនាពេលក្រោយ ២. ធ្វើឱ្យកាន់តែប្រសើរឡើងនូវសាមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាពិសេសពិនិត្យលទ្ធភាពបន្ថែមសមុច័្ចយថ្មីៗនៃបណ្តាប្រទេសនីមួយៗដើម្បីតាំងបង្ហាញ ៣. ពិនិត្យលទ្ធភាពផ្តល់នូវប្រភពថវិកាដើម្បីធានាបាននូវនិរន្តរភាពនៃដំណើការទូទៅរបស់សារមន្ទីរ ៤. ជំរុញឱ្យមានការចូលរួមរបស់បណ្តាប្រទេសនីមួយៗឲ្យកាន់តែសកម្មក្នុងការរៀបចំតាំងបង្ហាញ ពិព័ណ៌អចិន្ត្រៃយ៍ ឬមិនអចិន្រ្តៃយ៍នៃវប្បធម៌របស់ខ្លួន ៥. បង្កើនការផ្សព្វផ្សាយអំពីសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឱ្យបានទូលំទូលាយ ធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរចូលទស្សនា និងជំរុញឱ្យមានការចូលរួមរបស់បណ្តាប្រទេសនីមួយៗឱ្យសកម្មថែមទៀត ៦. ផ្តល់នូវអ្នកជំនាញខាងផ្នែកសារមន្ទីរមកធ្វើការបណ្តុះបណ្តាលមន្ត្រី បុគ្គលិកកំពុងបំពេញភារកិច្ចនៅសារមន្ទីរផ្ទាល់ ក្រៅពីនេះទៀត អង្គប្រជុំបានជំរុញឱ្យគ្រប់ភាគីបន្តទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់សំដៅការបង្កើននូវបរិយាកាសសហការជិតស្និតរវាងគ្រប់ភាគីពាក់ព័ន្ធ៕
មានទីតាំងនៅខាងជើងស្ពានហាលជាប់នឹងច្រាំងកសិន្ទុ បរិវេណមុខប្រាសាទអង្គរវត្ត ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំហេដ្ឋារចនាសម្ពន្ធផ្សេងៗដើម្បីត្រៀមបង្ហាញសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីបេតិកភណ្ឌរូបី និងអរូបី ជាច្រើនទម្រង់ មានឈ្មោះថា ភូមិបេតិកភណ្ឌវប្បធម៌។ ភូមិបេតិកភណ្ឌវប្បធម៌ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង៤៤ នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត។ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងបានស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីបេតិកភណ្ឌរូបី ដូចជាបច្ចេកទេសរំលីងថ្ម ការរំកិលថ្ម ការងារជួសជុលថ្ម និងបច្ចេកទេសជួសជុលប្រាសាទឥដ្ឋ។ រីឯបេតិកភណ្ឌអរូបី មានបង្ហាញអំពីរបៀបចារសាស្ត្រាស្លឹករឹត។ ក្រៅពីនោះក៏មានបង្ហាញសិល្បៈស្មូនភាជន៍ ការដាប់ស្បែក ការផ្តិតសិលាចារិក ឬប្រថាប់រូប ការប្រគំតន្ត្រីរបស់អ្នកភូមិត្បែង លេងល្បែងប្រជាប្រិយខ្មែរ រួមទាំងការតាំងបង្ហាញសមិទ្ធផលការងារ៣០ឆ្នាំរបស់អាជ្ញាធរជាតិអប្សរានៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខួប១០ឆ្នាំ ក្រោមប្រធានបទ ក្ដីស្រមៃ និងសង្ឃឹម ដែលនឹងធ្វើឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ សូមសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត និងស្វែងយល់ឱ្យបានច្រើនកុះករ៕ អត្ថបទ៖ យី សុថា រូបភាព៖ រដ្ឋ ផល្លីន និងយី សុថា
គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំដោយឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានចុះទៅសួរសុខទុក្ខនិងចែកអំណោយ មានគ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ជូនដល់នគរបាលការពារព្រំដែនខេត្តឧត្តរមានជ័យ កងវរៈសេនាតូច ៩០៥ និងនគរបាលការពារព្រំដែនខេត្តព្រះវិហារ កងវរៈសេនាតូច ៧៩៥។ នាឱកាសនោះដែរ ឯកឧត្តម ស្រី សួន ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងជូនពរនាឱកាសឆ្នាំថ្មី ពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី។ ក្នុងនាមឯកឧត្តមផ្ទាល់ បានលើកឡើងថា ថ្វីត្បិតកងកម្លាំងទាំងអស់ត្រូវប្រឈមមុខនឹងបញ្ហាយ៉ាងច្រើនក៏ដោយ ទាំងការងារកិច្ចការពារ បូរណភាពទឹកដី និងការងារកសាងអង្គភាពផងនោះ ក៏កងកម្លាំងទាំងអស់បានខិតខំប្រឹងប្រែង តស៊ូយកអស់កម្លាំងកាយកម្លាំងចិត្ត និងលទ្ធភាព ពុះពារជំនះរាល់ឧបសគ្គ រហូតសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនទាំងសមរភូមិមុខ ក៏ដូចជានៅសមរភូមិក្រោយ ប្រកបដោយទឹកចិត្តមុះមុត ស្មារតីអង់អាច ក្លាហាន តស៊ូប្តូរផ្តាច់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលជាគុណបំណាច់មិនអាចកាត់ថ្លៃបាន និងចងចាំមិនភ្លេចនោះឡើយនូវគំរូវីរភាព ដ៏អង់អាចក្លាហានរបស់កងទ័ពយើង។ ដោយឡែកអំណោយដែលផ្តល់ជូននគរបាលការពារព្រំដែននៃកងវរៈសេនាតូច ទាំងពីរខាងលើរួមមានគ្រឿងឧបភោគ បរិភោគ(អង្ករ ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខកំប៉ុង មីខ្លាឃ្មុំស្ករស ប៊ីចេង ប្រេងឆា) ព្រមទាំងឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕
ពិព័រណ៍ទេពកោសល្យស្នាដៃនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបើកសម្ពោធក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ព្រមទាំងថ្នាក់ដឹកនាំតំណាងអង្គភាពពាក់ព័ន្ធ សិស្ស និស្សិត និងមហាជនចូលរួមជាច្រើននាក់។ ពិព័រណ៍ទេពកោសល្យនេះ នឹងប្រារព្ធធ្វើឡើងក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «មរតកទាំង៥ ឆ្នាំ២០២៣» ។ព្រឹត្តិការណ៍នេះក៏ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជាការបង្ហាញពីស្នាដៃរបស់និស្សិតទាំង៥មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក៏ដើម្បីឱ្យមហាជនទូទៅបានឃើញ នូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់។ នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់កិត្តិយសជាអធិបតីក្នុងកម្មវិធីសម្តែងសិល្បៈទស្សនីយភាពចម្រុះ និងផ្តល់មតិសំណេះសំណាល ដោយថ្លែងកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ប្អូនៗនិស្សិតទាំង៥មហាវិទ្យាល័យដែលសម្រេចបាននូវសមិទ្ធិផលខាងលើនេះ ។ ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះដែរលោកជំទាវបានសង្កត់ធ្ងន់ថា ប្រសិនបើគ្មានសុខសន្តិភាពនោះទេ ប្អូនៗក៏មិនមានឱកាសក្នុងការបង្ហាញនូវទេពកោសល្យនាថ្ងៃនេះដែរ«អរគុណសន្តិភាព»។ ពាក់ព័ន្ធនឹងការបង្ហាញពីស្នាដៃរបស់និស្សិតទាំង ៥មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺដើម្បីបង្ហាញឱ្យមហាជនទូទៅ ពិសេសប្រជាពលរដ្ឋខ្មែរបានឃើញនូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់ ហើយក៏ដើម្បីឱ្យមានការយល់ដឹងច្បាស់ពីសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាយល់ដឹងពីរបៀបនៃការដំឡើង របៀបនៃការធ្វើ របៀបនៃការរៀបចំរបស់យុវជន មានលំដាប់លំដោយបែបណាខ្លះ។ម្យ៉ាងទៀតក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបង្ហាញក្ដីរីករាយដែលបានជួបជុំគ្នារៀបចំព្រឹត្តិការណ៍ នេះឡើងដោយទី១-បង្ហាញពីស្នាដៃ, ទី២-បង្ហាញពីសាមគ្គីភាព, ទី៣-បង្ហាញពីការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយក៏មានការពាក់ព័ន្ធនឹងការចូលរួមរបស់ Bayoun The Game នៃព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា ផងដែរ ដើម្បីចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យឃើញថា ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ប្រជាជនខ្មែរ យុវជនខ្មែរ និងការចូលរួមក្នុងតួនាទីរបស់យុវជន…
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហោស្រពសិល្បៈខេត្តកំពតលើកទី៣ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានមានប្រសាសន៍ថា ការរៀបចំមហោស្រពសិល្ប: គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដើម្បីបណ្តុះគំនិតដល់កុមារ និងយុវជនជំនាន់ក្រោយចេះស្រឡាញ់ ថែរក្សាសិល្ប:វប្បធម៌ដ៏ត្រចេះត្រចង់របស់បុព្វបុរសយើង ពិសេសបានរួមចំណែកក្នុងការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍អោយចូលមកទស្សនាខេត្តកំពតផងដែរ។ សូមបញ្ជាក់ជូនថា មហោស្រពសិល្ប:ខេត្តកំពតលើកទី៣ រៀបចំដោយអង្គការសង្គមស៊ីវិលចំនួន ៤ រួមមាន អង្គការអេពិអាត អង្គការវិទ្យាស្ថានដើម្បីអភិវឌ្ឍន៍វប្បធម៌ខ្មែរ (KCDI) ផ្ទះយុវវ័យនិងវប្បធម៌ខេត្តកំពត (MJC Kompot) និងអង្គការសាលាបរទេសជុំគ្រៀល(CLS)។
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរា លោក គីស៊ីណូ សាតូរុ (KISHINO SATORU) ប្រធានការិយាល័យទំនាក់ទំនងក្រៅប្រទេស នៃស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) ព្រមទាំងមន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា លោកគ្រូ អ្នកគ្រូ បានចូលរួមកម្មវិធីសងទៅសង្គមរបស់អាជ្ញាធរជាតិអប្សរា ដើម្បីចែកកាបូបសិក្សាដល់សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួនបី ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ។ សិស្សានុសិស្ស ដែលទទួលបានកាបូបសិក្សាពីអាជ្ញាធរជាតិអប្សរានៅពេលនេះសរុបចំនួន ៥០នាក់ ដែលជាសិស្សរៀនពូកែ និងក្រីក្រ មកពីសាលាបឋមសិក្សាដូនឪ ត្រពាំងស្វាយ និងគោកក្រៀល។ សាលាទាំងនេះ ត្រូវបានស្ថាប័ន JQA របស់ជប៉ុន ជ្រើសរើសសម្រាប់អនុវត្តកម្មវិធីបណ្ដុះបណ្ដាលអប់រំបរិស្ថានដល់សិស្សានុសិស្សក្នុងតំបន់រមណីយដ្ឋានអង្គរ។ គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ ដែលអាជ្ញាធរជាតិអប្សរា រៀបចំពិធីចែកសម្ភារសិក្សាដល់សិស្ស ក្នុងរមណីយដ្ឋានអង្គរ។ កន្លងមកកម្មវិធីដូចគ្នានេះធ្លាប់បានធ្វើច្រើនលើកមកហើយ ដោយចែកសម្ភារសិក្សា និងកង់ជាដើម៕ អត្ថបទ និងរូបភាព៖ នាង សំណាង
នាព្រឹកថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានអនុញ្ញាតជូនលោក Sangmin LEE assistant Director, international Cultural Affairs Division នៃក្រសួងវប្បធម៌កីឡា និងទេសចរណ៍នៃសាធារណ:រដ្ឋឋកូរ៉េចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើគម្រោងចំនួន៣៖ ១. គម្រោងទទួលជំនួយសាងសង់វិទ្យាស្ថានអប់រំវិស័យសិល្បៈ ដែលជាជំនួយរបស់សាធារណរដ្ឋកូរ៉េ ២. គម្រោងកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យសិល្បៈ ៣. គម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអប់រំវប្បធម៌សិល្បៈ៕ អត្ថបទ: លោក លឹម យូសួ រូបភាព: នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយ សាខាពន្ធដារខេត្តសៀមរាប និងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បន្តយុទ្ធនាការដាំដើមឈើចម្រុះ ចំនួនប្រមាណ១,២០០ដើម នៅបរិវេណខាងលិចត្រពាំងសេស ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ ឱ្យមានទេសភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោក។ អញ្ជើញចូលរួមក្នុងឱកាសនោះ មានឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប ឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តមានជ័យ រួមទាំងមន្ត្រី-បុគ្គលិកជាច្រើននាក់ទៀត។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសនោះថា ដើមឈើមិនត្រឹមតែមានសារៈសំខាន់ខ្លាំងដល់រមណីយដ្ឋានអង្គរទាំងមូលប៉ុណ្ណោះទេ។ តែក៏ផ្តល់ជាប្រយោជន៍ទៅដល់មនុស្ស សត្វ និងបរិស្ថានជុំវិញផង។ ក្រោយពេលដាំរួច ដើមឈើទាំងនោះ ត្រូវបានថែទាំនិងស្រោចទឹក ជាប្រចាំ ដោយក្រុមការងារអាជ្ញាធរជាតិអប្សរា ដើម្បីទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ។ ឯកឧត្តមអគ្គនាយករង ក៏បានថ្លែងអំណរគុណ ដល់សាខាពន្ធដារខេត្តសៀមរាប សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងស្ថាប័នពាក់ព័ន្ធជាច្រើន រួមទាំងវិស័យឯកជនផង។ ដែលបានចូលរួមចំណែកក្នុងការងារដាំដុះដើមឈើឡើងវិញ…
អាជ្ញាធរជាតិអប្សរា ជួសជុលរានហាលទី២ ប្រាសាទបន្ទាយសំរ៉ែ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការសិក្សាសម្រង់ប្លង់រានហាលទី២ផ្នែកជ្រុងខាងជើងឆៀងខាងលិចរបស់ប្រាសាទបន្ទាយសំរ៉ែ ដែលរងការខូចខាតខ្លាំង។ គម្រោងនេះស្ថិតក្នុងកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នGIZនៃប្រទេសអាល្លឺម៉ង។ ការងារសំខាន់ៗក្នុងគម្រោងនេះមានដូចជា ប្រមូលថ្មដែលធ្លាក់បាក់បែក(ពិសេសក្បាច់ចម្លាក់ និងបង្កាន់ដៃនាគ) ធ្វើការជួសជុលពង្រឹងឡើងវិញ ពង្រឹងរចនាសម្ពន្ធពាក់ពន្ធ័របស់សំណង់ និងរៀបផ្គុំឡើងវិញតាមទីតាំងដើម។ សូមបញ្ជាក់ថា ប្រាសាទបន្ទាយសំរ៉ែ ត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវ័រ្មនទី២ ដើម្បីឧទ្ទិសថ្វាយព្រះនរាយណ៍៕