Catégorie : ព័ត៌មាន


  • ជារៀងរាល់ឆ្នាំ នៅថ្ងៃ៣កើត ខែមាឃ អ្នកស្រុកអង្គរ តែងតែរួមគ្នាប្រារព្ធពិធីឡើងមាឃ ឬពិធីឡើងអ្នកតា ដើម្បីសុំសេចក្តីតាមជំនឿរៀងៗខ្លួន នៅតាមភូមិ តាមតំបន់ខ្លួនរស់នៅមិនដែលខកខាន។ ជាក់ស្តែង នៅថ្ងៃបីកើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ខែមករា ឆ្នាំ២០២៣នេះ អ្នកភូមិនគរក្រៅ មានប្រជាពលរដ្ឋក្មេង ចាស់ ប្រុសស្រី ជួបជុំគ្នានៅបរិវេណខ្ទមអ្នកតានៅក្នុងភូមិ ដែលមានឈ្មោះថា តាគង់ ដើម្បីប្រារព្ធពិធីឡើងមាឃឬពិធីឡើងអ្នកតា ក្រោយពេលបញ្ចប់រដូវច្រូតកាត់ និងត្រៀមរដូវកាលធ្វើស្រែចម្ការក្នុងឆ្នាំថ្មី សុំសេចក្តីសុខចម្រើនដល់ភូមិឋានទាំងមូល ធ្វើស្រែចម្ការទទួលបានភោគផលច្រើន និងចៀសផុតពីជំងឺចង្រៃផ្សេងៗ។ ពិធីឡើងមាឃ ឬឡើងអ្នកតានេះ អ្នកភូមិដែលចូលរួម បានរៀបចំនំបញ្ចុក សម្លប្រហើរ សម្លការី នំចំណី និងផ្លែឈើ ព្រមទាំងគ្រឿងដង្វាយខ្លះទៀតមានដូចជា ក្បាលជ្រូក មាន់ស្ងោរ ភេសជ្ជៈផ្សេងៗ ព្រមទាំងគ្រឿងស្រវឹងខ្លះផង យកមករៀបចំធ្វើជាគ្រឿងសំណែន និងដង្វាយ។ ក្រៅពីនោះ ក៏មានស្លាធម៌ បាយសី មានគ្រឿងសំណែន ទៀន ធូប បារី ខោ អាវ…

  • នាព្រឹកថ្ងៃពុធ ៤ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង មន្ទីរ និង សិស្សនិស្សិត។ គួររំលឹកដែរថា វិមានរំលឹកអ្នកដែលបានអនិច្ចកម្ម ត្រូវបានកសាងឡើងនៅឆ្នាំ១៩២៥ ដើម្បីរលឹកដល់ជ័យជំនះរបស់បារាំងលើអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី១ និង ដើម្បីរំលឹកដល់ពលិកម្មរបស់កម្ពុជា ក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំងក្នុងសង្គ្រាមលោកលើកទី១។ ប៉ុន្តែខ្មែរក្រហម បានបំផ្ទុះគ្រាប់បែកបំផ្លាញកាលពីឆ្នាំ១៩៧៧ ដែលជាហេតុនាំឲ្យមិនមានរូបរាងចាប់ពីពេលនោះមក។ ដោយមើលឃើញ ពីសារៈសំខាន់នៃចំណងការទូតរបស់កម្ពុជា ជាមួយបារាំង រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចឲ្យសាងសង់វិមាននេះឡើងវិញ និងនៅទីតាំងដើម។

  • ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច លោកអ្នកនាងតែងតែបានឃើញសកម្មភាពជាច្រើនរបស់ក្រុមអ្នកសម្អាតអនាម័យបរិស្ថាន នៅតាមប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។ សកម្មភាពទាំងនោះរួមមាន៖ ការងារប្រមូលសំរាម បោសសម្អាតតាមប្រាសាទ តាមដងផ្លូវសាធារណៈ តាមតំបន់ព្រៃឈើ កាត់ស្មៅ កសិន្ធុទឹក។ល។ ដើម្បីរក្សាបាននូវសោភណ្ឌភាព និងអនាម័យ ធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរទាំងមូល ក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ។ លោក ព្រះ ព្រិប ប្រធានក្រុមការងារសម្អាតបរិវេណមុខប្រាសាទអង្គរវត្ត និងភ្នំបាខែង បានឱ្យដឹងថា នៅពេលព្រឹកព្រលឹមក្រុមការងាររបស់លោកមានសមាជិកចំនួន១៩នាក់ តែងតែសម្អាតកាកសំណល់ថ្មីៗតាមធុងសំរាម និងតាមដងផ្លូវ បន្ទាប់មកទើបចាប់ផ្តើមការបោសសម្អាតសំរាមស្លឹកឈើ និងស្មៅនៅតាមដងផ្លូវនានា។ លោកបន្តទៀតថា ការងារបោសសំអាត និងបោចស្មៅតែងតែធ្វើឡើងជាប្រចាំនៅបរិវេណមុខប្រាសាទអង្គរវត្ត ភ្នំបាខែង ប្រាសាទបក្សីចាំក្រុងជាដើម។ ចំណែកអ្នកស្រី អ៊ុត ញន ជាអ្នកបោសសម្អាតមួយរូបបានឱ្យដឹងថា រយៈពេលជាង៣ឆ្នាំមកហើយ ដែលអ្នកស្រីបានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការងារជាអ្នកបោសសម្អាតនៅបរិវេណមុខប្រាសាទអង្គរ និងនៅតាមប្រាសាទមួយចំនួនទៀត។ អ្នកស្រីបន្តថា អ្នកស្រីមិនដែលខ្មាសអៀនឡើយក្នុងការងារជាអ្នកបោសសម្អាតនៅតាមប្រាសាទ ផ្ទុយទៅវិញអ្នកស្រីសប្បាយរីករាយ ដែលបានចូលរួមចំណែកធ្វើឱ្យរមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត គ្មានការបំពុលដោយសំរាមគ្រប់ប្រភេទ។ អ្នកស្រីបន្តទៀតថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរ ដែលចូលមកទស្សនាតាមប្រាសាទនានាបានចូលរួមចំណែកយ៉ាងខ្លាំងជាមួយក្រុមការងារសម្អាត ដោយពួកគាត់មិនបានបោះចោលសំរាមពាសវាពាលកាល ដូចពេលមុនឡើយ ក្នុងនោះពួកគាត់តែងតែកោតសសើរអំពីការខិតរបស់អាជ្ញាធរជាតិអប្សរា…

  • អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមអ្នកជំនាញឥណ្ឌា ជួសជុល រៀបចំកម្រាលថ្មភក់ប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្ម ដោយកំណាយរកថ្មភក់ដែលនៅរាយប៉ាយ ដើម្បីយកទៅដាក់នៅទីតាំងដើម នឹងយកជើងទម្របដិមាធំមួយដែលត្រូវបានរំកិលចេញកាលពីមុន មកតម្កល់នៅទីតាំងដើម នៅចំចំណុចកណ្ដាលនៃប្រាសាទតាព្រហ្ម ដែលការងារនេះបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ចុងខែកុម្ភៈ ឆ្នាំ២០២៣។ អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក Sing Sood មានប្រសាសន៍ថា ថ្មកម្រាលទីតាំងនេះបានបែកបាក់ច្រើនអន្លើរ និងចល័តខុសពីតាំងដើម បន្ថែមពីលើនោះ មានថ្មកំពូលតួប្រាង្គប្រាសាទនេះក៏បានរលុះធ្លាក់មកខាងក្រោមនៅរាយប៉ាយជាមួយនិងជើងទម្រ។ លោកបណ្ឌិតបន្តថា កន្លងមក ដើម្បីសម្រួលចរាចរភ្ញៀវទេសចរអាជ្ញាធរជាតិអប្សរាបានរំកិលជើងទម្រនេះចេញទៅទីតាំងមានសុវត្ថិភាព និងក្រាលកម្រាលឈើពីលើ ដើម្បីឱ្យភ្ញៀវឆ្លងកាត់។ ប៉ុន្តែ មកដល់បច្ចុប្បន្នកម្រាលឈើបានពុកផុយ ដើម្បីរក្សាសុវត្ថិភាពភ្ញៀវទេសចរផង និងលើកតម្លៃទីតាំងនេះឡើងវិញ ទើបស្ថាប័នទាំងពីរសម្រេចជួសជុលកម្រាលថ្មភក់ឡើងវិញ។ លោក Sing Sood មានប្រសាសន៍ទៀតថា ជាដំបូង ក្រុមការងារបានធ្វើកំណាយស្វែងរកថ្ម សិក្សារកទីតាំងដើមនៃថ្ម សម្អាតថ្ម និងជួសជុលថ្ម ប្រសិនរកឃើញមានថ្មដំបូលដែលជ្រុះធ្លាក់មកទីតាំងនេះ ក្រុមការងារនឹងយកទៅដាក់នៅទីតាំងដើមវិញ។ អ្នកជំនាញរូបនេះបន្តថា បន្ទាប់ពីរៀបចំកម្រាលថ្មភក់បានល្អប្រសើរឡើងវិញហើយ នឹងយកជើងទម្រដែលគេជឿថាសម្រាប់តម្កល់បដិមាប្រាជ្ញាបារមីមកតម្កល់នៅទីតាំងនេះឡើងវិញ ហើយភ្ញៀវទេសចរក៏បានដើរឆ្លងកាត់ដោយមានសុវត្ថិភាព ព្រមទាំងបានស្វែងយល់កាន់តែច្បាស់ពីស្ថានភាពដើមប្រាង្គកណ្តាលរបស់ប្រាសាទតាព្រហ្មនេះ ពីព្រោះទីតាំងនេះមានភាពល្បីល្បាញ ហើយជារៀងរាល់ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ…

  • សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំងពិព័រណ៌ផលិតផលសូត្រខ្មែរចំនួន១១មុខ នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។ ផលិតផលទាំង១១មុខនេះ មានកន្សែងសូត្រចំនួន៤ និងសំពត់ហូលចំនួន៥ នៅក្នុងនោះក៏មានហូលពិតានចំនួន២ ជាអំណោយផ្តល់មកពីវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ។ ការដាក់តាំងពិព័រណ៌វត្ថុដ៏មានតម្លៃទាំងនេះ ក្នុងបំណងអភិរក្ស ថែរក្សាសិល្បៈតម្បាញហូលពិតានខ្មែរ ស្របពេលដែលចំនួនអ្នកប្រើប្រាស់ហូលពិតានក្នុងសង្គមខ្មែរសម័យថ្មី កំពុងថយចុះគួរឱ្យព្រួយបារម្ភ។ ម្យ៉ាងវិញទៀត ក៏ដើម្បីបង្ហាញដល់សាធារណជន សិស្ស និស្សិត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ពីកេរ្តិ៍ដំណែល និងស្នាដៃរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកមក។ នាយករងស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី លោក សែន គឹមស៊ុន ឱ្យដឹងថា សមុច្ច័យទាំងនេះ មានប្រវត្តិនៅជាប់ជាមួយនឹងបុព្វបុរសខ្មែរជាយូរយារណាស់មកហើយ ប៉ុន្តែមួយផ្នែកធំវាត្រូវបានបំផ្លិចបំផ្លាញដោយសាររបបប៉ុលពត ហើយបច្ចុប្បន្នមិនសូវមានអ្នកនិយមប្រើទេ ដូចជាហូលពិតានជាដើមនោះ ទើបធ្វើឱ្យវិស័យតម្បាញហូលពិតានបានធ្លាក់ចុះ។ ក្រុមអ្នកជំនាញផ្នែកប្រពៃណីនិងវប្បធម៌ពន្យល់ថា ហូលពិតានមានលក្ខណៈពិសេសខុសពីហូលធម្មតា ព្រោះវាមានចងក្បាច់លើកគោមជារូបផ្សេងៗយ៉ាងពិសិដ្ឋ ដែលទាក់ទងទៅនឹងជំនឿសាសនា។ ពីបុរាណកាលបានហាមអ្នកស្រុកមិនឱ្យយកហូលប្រភេទនេះ ទៅប្រើឬស្លៀកដូចហូលធម្មតាទេ បើទោះបីជាហូលនោះនៅថ្មីមិនទាន់បានអភិសេកក៏ដោយ។ គោមដែលប្រើនៅលើហូលពិតានខ្លះ ក៏មិនត្រូវអនុញ្ញាតឱ្យយកទៅត្បាញលើហូលសម្រាប់ស្លៀកពាក់ធម្មតាបានដូចគ្នា។ លោក សែន គឹមស៊ុន បញ្ជាក់ថា ការផលិតហូលពិតានមួយៗត្រូវការចំណាយពេលវេលាយូរ ត្រូវការកម្លាំងមនុស្សច្រើន បច្ចេកទេសចងគោម និងប្រើវត្ថុធាតុដើមសុទ្ធសឹងផលិតចេញពីសសៃសូត្រធម្មជាតិ ហើយជ្រលក់ពណ៌ធម្មជាតិដែលផ្សំឡើងពីរុក្ខជាតិទៅតាមបច្ចេកទេសបុរាណ មិនប្រើសារធាតុគីមីឡើយ។ ទីតាំងនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញាសុខ…

  • ចាប់តាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ា ប្រទេសជប៉ុន កំពុងអនុវត្តគម្រោងជួសជុលដំណាក់កាលទី២ ស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃ រក្សាទម្រង់ដើមរបស់សំណង់បុរាណមួយនេះ ឱ្យមានសភាពរឹងមាំឡើងវិញ។ លោកសាតុរឹ មីវ៉ា (Satoru MIWA) តំណាងមជ្ឈមណ្ឌលអាស៊ី សូហ្វីយ៉ា និងជាប្រធានការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត មានប្រសាសន៍ថា គម្រោងជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២នេះ មានប្រវែងសរុបជិត១០០ម៉ែត្រ ខណៈដំណាក់កាលទី១ បានជួសជុសប្រវែង១០០ម៉ែត្ររួចមកហើយ នៅផ្នែកខាងកើតខណៈការងារជួសជុលនៅផ្នែកខាងលិចក៏ជិតរួចរាល់ជាស្ថាពរ។ លោកបន្តថា បើពិនិត្យតាមស្ថានភាពជាក់ស្តែង ដំណើរការជួសជុលស្ពានហាលមកដល់ខែមករា ឆ្នាំ២០២៣នេះ សម្រេចបានប្រមាណ៩០ភាគរយហើយ ក្នុងនោះក្រុមការងារអាច នឹងប្រើប្រាស់ពេលវេលាបន្ត យ៉ាងហោចណាស់១ឆ្នាំទៀត ដើម្បីបញ្ចប់ការងារទាំងនេះ។ លោកបន្តទៀតថា ក្នុងដំណើរការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត បញ្ហាប្រឈមខ្លះៗតែងតែជួបប្រទះដូចជា៖ ទោះបីស្ថិតក្នុងស្ថានភាពនៃជំងឺឆ្លងកូវីដ១៩ រយៈពេល២ឆ្នាំជាង ប៉ុន្តែសកម្មភាពនៃការជួសជុលនៅតែបន្ត បញ្ហាទឹកភ្លៀងនារដូវវស្សា ជាពិសេសស្ពានហាលមានកសិន្ធុទឹកព័ទ្ធជុំវិញពិបាកក្នុងការជួសជុល។ លោកសាតុរឹ មីវ៉ា តំណាងមជ្ឈមណ្ឌលអាស៊ី សូហ្វីយ៉ា បានសម្តែងក្តីសប្បាយរីករាយនៅពេលបានជួយដល់កម្ពុជា ក្នុងការងារជួសជុលស្ពានហាល និងគម្រោងអភិរក្សផ្សេងៗទៀត។ ក្នុងនោះលោកសង្កេតឃើញថា អាជ្ញាធរជាតិអប្សរា បានខិតខំយ៉ាងខ្លាំងក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ជាពិសេសការកសាងសមត្ថភាព ធនធានមនុស្សរហូតដល់ការអនុវត្តគម្រោងនៅតាមការដ្ឋាននីមួយ…

  • កាលពីថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លោក អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្សនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារនិងជាប្រធានដឹកនាំគម្រោង បានដឹកនាំប្រជុំពិភាក្សាជាមួយមន្ត្រីជំនាញនិងពលករ ដើម្បីរៀបចំផែនការលម្អិតអនុវត្តគម្រោងអភិរក្សនិងជួសជុលជណ្តើរបុរាណខាងជើងក្នុងដំណាក់កាលទី៤ (២០២២-២០២៤)។ ការជួសជុលជណ្តើរបុរាណខាងជើងដំណាក់កាលទី៤ នេះនឹងជួសជុលពីថ្នាក់ទី ១១ដល់ទី១៤ ដោយបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទី១ ជួសជុលថ្នាក់ទី ១៣និង១៤ ហើយដំណាក់កាលចុងក្រោយជួសជុលថ្នាក់ទី១១ និង១២។ ការជួសជុលចាប់ផ្តើមពីជញ្ជាំងជណ្តើរខាងលិច ខាងកើត និងកាំជំណ្តើរ ដោយពិចារណាលើការអន្តរាគមន៍ តិចតួចតាមអនុសាសន៍របស់អ្នកជំនាញអាដហុកនៃអង្គការយូណេស្កូ។ បច្ចុប្បន្នក្រុមការងារកំពុងរៀបចំការដ្ឋានដូចជា៖ សាងសង់រ៉ៃរំកិលថ្ម ជណ្តើរវាងការដ្ឋាន រោងកាត់ថ្ម ឃ្លាំងរក្សាសម្ភារៈ រោងការដ្ឋាន ស្លាកសញ្ញាការដ្ឋាននិងកន្លែងរក្សាថ្ម។ ក្រៅពីនោះយើងបានណែនាំនិងបែងចែកក្រុមការងារជាផ្នែកៗ ពន្យល់អំពីវិន័យការដ្ឋាន និងការថែទាំសម្ភារៈប្រើប្រាស់។ សូមបញ្ជាក់ថា គម្រោងអភិរក្សនិងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារនេះទទួលបានថវិកាឧបត្ថម្ភពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិកដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌។ អត្ថបទនិងរូបភាព៖ អ៊ា ដារិទ្ធ

  • អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យហាវ៉ៃបានសហការគ្នាធ្វើកំណាយស្រាវជ្រាវពីការវិវត្ត ស្តីពី «ការគោរពពុទ្ធសាសនាថេរវាទ»ដោយផ្តោតលើ ការវិវត្តរបស់សហគមន៍មនុស្សក្នុងតំបន់នេះ តាំងពីសម័យមុនអង្គរ រហូតមកដល់សម័យកណ្តាល ថាមានការផ្លាស់ប្តូរដូចម្តេចខ្លះ នាពេលដែល «វត្ត» មកជំនួសប្រាសាទ សម័យអង្គរ ដោយបានក្លាយជាស្នូលរបស់សហគមន៍។ តាមរយៈទិន្នន័យ LiDAR បង្ហាញថា មានទួលលំនៅនៅផ្នែកពាយព្យប្រាសាទអង្គរវត្ត នាសតវត្សរ៍ទី១២ ត្រូវឈូសពង្រាបប្រហែលនៅ សម័យកណ្តាល។ លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ ធ្វើកំណាយស្រាវជ្រាវនេះ គឺក្នុងគោលបំណងដើម្បីស្វែងយល់ពីមូលហេតុនៃការប្រែប្រួលរចនាសម្ព័ន្ធទីក្រុង និងប្រជាសាស្ត្រក្នុងតំបន់អង្គរពីសតវត្សរ៍ទី១៣រៀងមក។ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងគោលបំណតខាងលើនេះបានក្រុមការងារស្រាវជ្រាវបានបើករណ្តៅ កំណាយចំនួន២០រណ្តៅ ទំហំ ១x២ម នៅតាមទួល និងត្រពាំងក្នុងបរិវេណប្រាសាទអង្គរវត្ត។ ក្រៅពីនេះ ដើម្បីទទួលទិន្នន័យបន្ថែមទៀត អ្នកស្រាវជ្រាវ បានខួងដីចំនួន១០៤រណ្តៅបន្ថែមទៀត។ គម្រោងស្រាវជ្រាវនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ លោក ទិន ទីណា ពន្យល់ថា ទិន្នន័យដែលទទួលបានពីការធ្វើកំណាយនេះអាចឱ្យយើងយល់ពីសហគមន៍ មនុស្សរស់នៅក្នុងរាជធានីអង្គរ…

  • នៅថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៣ ក្រុមអ្នកជំនាញទឹក ដឹកនាំដោយព្រឹទ្ធបុរសមហាវិទ្យាល័យវារីសាស្រ្តនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ បានចុះសិក្សាស្វែងយល់អំពីស្ថានភាពភូមិសាស្រ្តទូទៅ ប្រព័ន្ធរៀបចំទឹកបុរាណ និងខ្សែរទឹកធម្មជាតិក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះករ។ ការសិក្សានេះមានគោលបំណងដូចខាងក្រោម៖ – ពិនិត្យមើលលទ្ធភាពរៀបចំកែលម្អរប្រព័ន្ធទឹកតាមប្រាសាទសំខាន់ៗដើម្បីកាត់បន្ថយការដក់ទឹកតាមបរិវេណប្រាសាទ និងសម្រួលការដើរទស្សនារបស់ភ្ញៀវទេសចរនារដូវវស្សា – ពិនិត្យមើលលទ្ធភាពស្តុកទឹកបានយូរនៅតាមស្រះ និងអាងទឹកបុរាណ – ការរៀបចំស្តារសំណង់ទឹកបុរាណ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តក្នុងរមណីយដ្ឋាន ដើម្បីអភិរក្សធនធានជីវៈចម្រុះ វិស័យកសិកម្ម និងទេសចរណ៍ លើសពីនេះ ក្រុមការងារទាំងពីរក៏បានពិភាក្សាគ្នា អំពីផែនការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនៅក្នុងរមណីយដ្ឋានទាំងពីរនាថ្ងៃអនាគត។ ក្រៅពីនេះ ក្រុមការងារមកពីមហាវិទ្យាល័យវារីសាស្រ្តក៏បានជួយតម្លើងឧបករណ៍ត្រង់ទឹកភ្លៀងនិងសីតុណ្ហភាព ដើម្បីប្រមូលទិន្នន័យកម្ពស់ទឹកភ្លើង និងសីតុណ្ហភាពក្នុងរមណីយដ្ឋានប្រាសាទកោះកេរដែរ។ អត្ថបទ: ឯ.ឧ. ឃូ អៀងហួត

  • អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយសកលវិទ្យាល័យហាវៃ បានដឹកនាំសិស្សានុសិស្សមកពីវិទ្យាល័យស្វាយធំនៃស្រុកប្រាសាទបាគងចំនួន១០នាក់និងសិស្សនៃវិទ្យាល័យ១០មករានៅក្នុងក្រុងសៀមរាបចំនួន២០នាក់ ចុះទៅធ្វើទស្សនកិច្ចការធ្វើកំណាយស្រាវជ្រាវនៅបរិវេណខាងលិចរបស់ប្រាសាទអង្គរវត្ត ព្រមទាំងទៅទស្សនានៅប្រាសាទអង្គរវត្ត ក្នុងគោលបំណង ឱ្យសិស្សានុសិស្សទាំងនោះ បានសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងការងារធ្វើកំណាយស្រាវជ្រាវថ្មីៗ ព្រមទាំងឱ្យស្វែងយល់អំពីការរស់នៅ និងការតាំងទីលំនៅរបស់បុព្វបុរសខ្មែរ នាសម័យអង្គរនិងក្រោយអង្គរផង កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ លោក ទិន ទីណា មានប្រសាសន៍ថា ក្រៅតែពីចង់ឱ្យសិស្សានុសិស្ស ដែលមកធ្វើទស្សនកិច្ចពេលនេះ បានស្វែងយល់ពីប្រាង្គប្រាសាទ និងចម្លាក់ គឺអាជ្ញាធរអប្សរាក៏ចង់ឱ្យសិស្ស បានស្វែងយល់ពីការធ្វើកំណាយស្រាវជ្រាវបែបបុរាណវិទ្យា ដើម្បីឱ្យដឹងថាតើអ្នកជំនាញបានធ្វើឡើងក្នុងគោលបំណងអ្វី ?លទ្ធផលបានអ្វីខ្លះ? ហើយវត្ថុដែលកំណាយបាន គេយកទៅរក្សាទុកនៅឯណា?។ កន្លងមកអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវ ដូចជានៅប្រាសាទបន្ទាយក្តីជាដើម ហើយសកម្មភាពនេះ គឺបានអប់រំ បណ្តុះគំនិតដល់សិស្សានុសិស្ស និងប្រជាជនឱ្យចេះស្រលាញ់បេតិកភណ្ឌរបស់ខ្លួន និងចូលរួមថែរក្សាទាំងអស់គ្នា។ យុវតី សៅ សុសាន ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យស្វាយធំ ឱ្យដឹងថា ពេលដែលរូបនាងបានមកទស្សនាប្រាសាទអង្គរវត្តលើកនេះ គឺខុសប្លែកពីសព្វដង។ មានន័យថា ពេលនេះ នាងបានទទួលចំណេះដឹងពីប្រវត្តិសាស្រ្ត ប្រវត្តិប្រាសាទ ព្រមទាំងបានឃើញក្រុមអ្នកជំនាញកំពុងធ្វើកំណាយស្រាវជ្រាវ ស្វែងរកទិន្នន័យប្រវត្តិសាស្ត្ររបស់មនុស្សជំនាន់មុនទៀតផង។ យុវតី…