Catégorie : ព័ត៌មាន


  • នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ អាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅក្នុងតំបន់រលួស មកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគងថ្នាក់ទី១០ និងថ្នាក់ទី១១ ចំនួន៣៥នាក់ និងបឋមសិក្សាលលៃថ្នាក់ទី៥ និងទី៦ ចំនួន៦៥នាក់ សរុបចំនួន ១០០នាក់។ គោលបំណងបង្កើនទាំងការយល់ដឹងពីតម្លៃសម្បត្តិបេតិកភណ្ឌ ការស្រឡាញ់មរតកវប្បធម៌ និងការចូលរួមថែរក្សា។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការអប់រំបេតិកភណ្ឌ ចង់ឱ្យសិស្សានុសិស្សទាំងអស់ក្នុងសហគមន៍រស់នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកខាងតំបន់រលួស នៅក្បែរប្រាសាទ ទួលបុរាណ មានប្រាសាទលលៃ ប្រាសាទព្រះគោ ប្រាសាទបាគង ប្រាសាទព្រៃមន្ទីរ បានស្គាល់ប្រវត្តិសាស្រ្តភូមិស្រុករបស់ខ្លួន ដែលមានលក្ខណៈពិសេសលើសគេ ហើយការអប់រំនេះ នឹងធ្វើឱ្យកុមារយល់ពីទម្រង់ផ្សេងៗនៃបេតិកភណ្ឌ ជំរុញឱ្យពួកគេចេះពីបញ្ហាផ្សេងៗ យល់អ្វីជាការបំផ្លាញដល់សម្បត្តិបេតិកភណ្ឌ។ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្នុងចំណោមសិស្សានុសិស្សទាំងអស់នៅទីនេះ មានបង មានឪពុក មានជីតា ជាអ្នកជួសជុលប្រាសាទ ដោយហេតុថា នៅតំបន់រលួសនេះ…

  • គម្រោងជួសជុលខ្លោងទ្វារតាកាវនៅទិសខាងលិចរបស់ក្រុងអង្គរធំ បានរួចរាល់ជាស្ថាពរហើយ ដែលបច្ចុប្បន្នក្រុមការងារកំពុងសម្អាតទីតាំងការដ្ឋាន និងបង្ហើយការងារដែលនៅសេសសល់មួយចំនួនតូចតែប៉ុណ្ណោះ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា។ ឯកឧត្តម បានឱ្យដឹងទៀតថា ការងារស្ថិតនៅជាប់ខ្លោងទ្វារនេះ គឺក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តជួសជុលជញ្ជាំងតែប្រវែង៥ម៉ែត្រ និងកម្ពស់១ម៉ែត្រ៤តឹក ឋិតនៅពីលើកំពែងភ្ជាប់សងខាងតួខ្លោងទ្វារ ទៅតាមអនុសាសន៍របស់អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ដើម្បីរក្សាបាននូវទ្រង់ទ្រាយដើមរបស់រចនាសម្ពន្ធខ្លោងទ្វារឡើងវិញ។ ការងារនេះ នៅសល់តែដាប់ខ្សែក្បាច់ និងចាក់ដីបំពេញកន្លែងហូរច្រោះលើខ្នងកំពែងជាប់នឹងតួខ្លោងទ្វារ ហើយនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ។ រីឯការងារជួសជុលចម្លាក់ទេវតាទាញព្រ័ត្រ ក្រុមការងារនឹងបន្តជួសជុលជាបន្តបន្ទាប់ ដោយដាក់រូបពេញលេញ មានដៃ ជើង និងមានព្រះកេសខ្លះៗ ដោយឡែក រូបយក្សទាញព្រ័ត្រ គឺមានភាពស្មុកស្មាញបន្ទិចដោយសារគ្រឹះ។ ឯកឧត្ដម បន្តទៀតថា មុននឹងបញ្ចប់ការងារជួសជុលខ្លោងទ្វារទាំងមូល អាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវត្រង់ចំណុចច្រកចេញចូលនៃតួខ្លោងទ្វារ ដើម្បីស្វែងយល់ពីរចនាសម្ពន្ធបាតរបស់ខ្លោងទ្វារ។ យើងបានរកឃើញមានរន្ធសម្រាប់ដាក់សសរឈើនៅកម្រាលថ្មបាយក្រៀម ថ្មភក់ដែលអាចមានសំណង់ឈើនៅសម័យនោះផង៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ យី សុថា/ភោគ ជា

  • នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តមអគ្គនាយករង និងមន្ត្រីជំនាញ បានអញ្ជើញពិនិត្យការងារមួយចំនួន នៅតាមទីតាំងការដ្ឋាននានាដែលអាជ្ញាធរជាតិអប្សរាកំពុងអនុវត្ត នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ដំណើរអញ្ជើញចុះពិនិត្យនេះ ក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារ ដែលសម្រេចបាននាពេលកន្លងមក និងផ្តល់អនុសាសន៍ណែនាំមួយចំនួន ទៅកាន់អ្នកជំនាញនៅតាមការដ្ឋាននីមួយៗ ដើម្បីឱ្យដំណើរការជួសជុលសម្រេចបានលទ្ធផលល្អប្រសើរ៕

  • ទន្លេស្ងួតជាស្រះបុរាណមួយដែលបុព្វបុរសខ្មែរ បានសាងសង់ឡើងតាំងពីសម័យអង្គរ ស្ថិតនៅភាគខាងជើងក្រុងអង្គរធំ ចម្ងាយប្រមាណ៤០០ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង ហើយនៅក្បែរនោះខាងកើតមានប្រាសាទព្រះខ័ន និងខាងលិចមានប្រាសាទទន្លេស្ងួត ដែលទើបជួសជុលរួចជាមន្ទីរពេទ្យសម័យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យចំនួន៤ផ្សេងទៀត ដែលតាំងនៅជុំវិញក្រុងអង្គរធំឡើងក្នុងរាជ្យព្រះបាទជ័យវរ័ន្មទី៧ នាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣។ ទន្លេស្ងួត មានបណ្តោយប្រវែង៨០០ម៉ែត្រ និងទទឹងប្រវែង៤០០ម៉ែត្រ ដែលបានខូចខាត និងរីងគោកដោយសារការបោះបង់ចោល និងមិនមានអ្នកថែទាំ រាប់សតវស្សរ៍មកហើយនោះ ហើយដោយសារមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ទើបតែបានបញ្ចប់ការស្តារ ជួសជុលទំនប់ដែលធ្លុះធ្លាយ សាងសង់ទ្វារបញ្ចេញ-បញ្ចូលទឹក និងរៀបចំប្រព័ន្ធធារាសាស្ត្របុរាណរបស់សម័យអង្គរទន្លេស្ងួតនេះ ដែលអាចស្តុកទឹកពេញជាអចិន្ត្រៃយ៍ឡើងវិញ បានប្រមាណ៧៥ម៉ឺនម៉ែត្រគូប។ ការស្ដារ និងរៀបចំប្រព័ន្ធធារាសាស្ត្រ នៅតំបន់ទន្លេស្ងួតឱ្យដំណើរឡើងវិញនេះ គឺធ្វើទៅតាមគម្រោងស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណ ដែលមានច្រើនស្កេកស្កះនៅក្នុងតំបន់អង្គរ ប្រយោជន៍ ដើម្បីការពារតំបន់អង្គរ និងក្រុងសៀមរាបទាំងមូល មិនឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាផង ហើយក៏ជាការរក្សាទឹកទុកនៅតាមស្រះបុរាណានានា កសិន្ធុបារាយណ៍ ព្រមទាំងប្រឡាយផងសម្រាប់ជួយទ្រទ្រង់ដល់ប្រាសាទ ព្រមទាំងជាការជួយលើកតម្លៃទេសភាពវប្បធម៌ ក៏ដូចជាការជួយឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ជាប្រចាំថ្ងៃផង៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ នាយដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ

  • ថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦:០០ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ទទួលជួបលោក Takahashi Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន(JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាព្រមទាំងគណៈប្រតិភូ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ គោលបំណងនៃជំនួបពិភាក្សានេះគឺដើម្បីសម្តែងការគួរសមនៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាការងារមួយចំនួនដែលផ្តោតលើការសម្តែងតន្ត្រី ការបង្ហាញសម្លៀកបំពាក់ ភាពយន្តគំនូរជីវចល សៀវភៅរឿងគំនូរជីវចល ការរៀបចំតុបតែងផ្កាតាមបែបប្រពៃណីជប៉ុន ដែលកម្មវិធីនេះមានការចូលរួមពីអ្នកជំនាញជប៉ុន និងកម្ពុជា។ ជាការឆ្លើយតប លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឲ្យមានកម្មវិធីនេះឡើង ដែលជាឱកាសមួយក្នុងការស្វែងយល់ពីវប្បធម៌ប្រពៃណីរវាងគ្នាទៅវិញទៅមក។ អត្ថបទនាយកដ្ឋាន សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន រូបភាព លោក ត្រឡុង បូរិន

  • រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ ១រោច ខែកមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ ក្នុងនាមថ្នាក់ដឹកនាំ​ មន្រ្តីរាជការទាំងអស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្ដែងនូវសមានទុក្ខ អាឡោះអាល័យ និងក្ដីសង្វេគជាពន្លឹកជាមួយក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់ លោជំទាវ ប៊ុន សុថា គឺជាការបាត់បង់ប្អូនស្រី ប្អូនថ្លៃ ម្តាយ ម្ដាយក្មេក ជីដូនជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងគឺជាការបាត់បង់នូវធនធានមនុស្សរបស់សង្គមជាតិ ដែលជានិច្ចកាលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍជាតិមាតុភូមិ។ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ សូមបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

  • ថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ បានបើកវគ្គបណ្តុះបណ្តាល រយៈពេល៣ថ្ងៃ ស្តីពី ការការពារ ការត្រួតពិនិត្យ និងការចងក្រងឯកសារនៃអំពើចោរកម្មលើសម្បត្តិវប្បធម៌ក្នុងប្រទេសកម្ពុជា -Training Course on Cambodia Site Protection and Looting Documentation ក្រោមការឧបត្ថម្ភមូលនិធិដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវ ប៉ែន មុន្នីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនដែលអញ្ជើញមកពីក្រសួងការបរទេសសហរដ្ឋអាមេរិក, អង្គភាពFBI, Legal Attache’, FBI Cambodia, និងមន្ត្រីជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ…

  • សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅក្នុងខេត្តសៀមរាប អាចជាសារមន្ទីរដំបូងគេនៃព្រះរាជាណាចក្រកម្ពុជា ដែលមានដាក់តាំងបង្ហាញរបស់ប្រើប្រាស់ផលិតចេញពីសរសៃសូត្រ សរសៃកប្បាស សរសៃអំបោះ សរសៃគ សំបកឈើ រោមសត្វ តាមបែបប្រពៃណីផ្សេងៗគ្នា រួមទាំងជាសម្លៀកបំពាក់សហសម័យ មកពីបណ្តាប្រទេសចំនួន៦ ដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេគង្គារ។ ផលិតផលធ្វើអំពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វ ដែលគេយកមកតាំងបង្ហាញទាំងនោះ មានដូចជាសម្លៀកបំពាក់ មួក ស្រោមដៃ-ជើង កន្សែង ឆ្នួត និងវត្ថុធាតុដើមជាច្រើនទៀត រួមទាំងឧបករណ៍តម្បាញផង។ ក្រុមអ្នកជំនាញរបស់សារមន្ទីរ បានយកចិត្តទុកដាក់ប្រើប្រាស់បច្ចេកទេសយ៉ាងត្រឹមត្រូវ ដើម្បីថែទាំ និងការពារអភិរក្សសមុច្ច័យទាំងនោះ មិនឱ្យខូចខាតទៅតាមអាយុកាល និងពេលវេលាឡើយ បើទោះបីជាសមុច្ច័យទាំងនោះ មានអាយុកាលច្រើនឆ្នាំមកហើយក៏ដោយ។ នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុនឱ្យដឹងថា ផលិតផលធ្វើពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វទាំងអស់ ដែលមានតាំងបង្ហាញនៅក្នុងសារមន្ទីរមិនមែនតាំងសម្រាប់តែ១ឆ្នាំ ឬ២ឆ្នាំ ហើយពេលវាខូចត្រូវបោះចោលនោះទេ គឺក្រុមអ្នកជំនាញមានបច្ចេកទេសត្រឹមត្រូវ ក្នុងការថែរក្សារបស់ទាំងនោះឱ្យស្ថិតនៅបានយូរអង្វែងតទៅទៀតតាមដែលអាចធ្វើបាន។ លោក សែន គឹមស៊ុន មានប្រសាសន៍ទៀតថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីមានគោលការណ៍ពីរក្នុងការអភិរក្ស ផលិតផលសូត្រទាំងនោះដើម្បីរក្សាទុកឱ្យបានយូរអង្វែង គឺត្រូវការអភិរក្សយ៉ាងយកចិត្តទុកដាក់នៅមុនពេលខូចខាត ដោយគិតពីបច្ចេកទេស តាំងតែពីការរៀបចំដាក់តាំងដើម្បីកុំឱ្យប៉ះពាល់ដល់សមុច្ច័យ ដូចជាការព្យួរ និងដាក់ក្នុងទូជៀសវាងសមុច្ច័យទាំងនោះកុំឱ្យទៅប៉ះផ្ទាល់ជាមួយដែក ឬឈើដែលអាចនាំឱ្យមេឬសត្វល្អិតស៊ី…

  • លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបន្ទប់ថែទាំមុន និងក្រោយសម្រាលរបស់មណ្ឌលសុខភាពគគីសោម និងអគារមត្តេយ្យសិក្សាសហគមន៏ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ថ្ងៃអាទិត្យ១៥កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ស្វាយទាប ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដំណើរដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបន្ទប់ថែទាំមុន និងក្រោយសម្រាលរបស់មណ្ឌលសុខភាព នៃឃុំគគីសោម និងអគារមត្តេយ្យសិក្សាសហគមន៏ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ឆ្លៀតក្នុងឱកាសនោះលោកជំទាវ ក៏បានឧបត្ថម្ភ សម្ភារៈសំខាន់ៗជាច្រើនមុខដែលបម្រើដល់កិច្ចការវេជ្ជសាស្រ្ត និងការងារព្យាបាល ដល់មណ្ឌលសុខភាពគគីសោម និងផ្តល់សម្ភារៈសិក្សា ដល់កុមារតូចៗចំនួន៤៤ នាក់ នៅឃុំស្វាយរំពារផងដែរ។

  • លិខិតជូនពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គោរពជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឬក្សចម្រើនជន្មាយុ គម្រប់៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ