Catégorie : ព័ត៌មាន


  • សម្រង់រូបភាពក្នុងកម្មវិធីឆ្លងស្នាដៃសិល្បៈទម្រង់ល្ខោននិយាយរឿង “វង្សត្រកូលកំសត់ ឬព្រះអាទិត្យរះហើយ” ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ នាយកដ្ឋានសិល្បៈទស្សនីយភាព

  • លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅរាត្រីម្សិលមិញ ក្នុងឱកាសបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា និងការប្រគល់ពានរង្វាន់សម្តែងឆ្នើមប្រចាំឆ្នាំ២០១៤ ដល់កញ្ញា ម៉ា រីណែត តួសម្តែងក្នុងខ្សែភាពយន្តរឿងដុំហ្វីលចុងក្រោយ ជាសមិទ្ធិផលរបស់លោកស្រី សុទ្ធោ គុល្លិកា ដែលទើបទទួលបានពានរង្វាន់ដួងព្រលឹងនៅអាស៊ីពីប្រទេសជប៉ុន ៕

  • ការផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

    នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៨.៣០នាទីនេះ នៅសាលអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ទឹម អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្របពេលនឹងទិសដៅយុទ្ធសាស្ត្រនៃកំណែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជាឆ្នាំ២០១៣-២០២០ របស់រាជរដ្ឋាភិបាល ដែលបានដាក់ឆ្លងសភាពីពេលថ្មីៗនេះ ដោយផ្លាស់ប្តូរកែលម្អឲ្យប្រសើឡើងតាមរយៈកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈគឺ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើធាតុចូលនិងមជ្ឍការ ឆ្ពោះទៅរកប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើលទ្ធផល ឬសមិទ្ធិផល និងវិមជ្ឍការដែលទំនើបជាងមុននិងមានលក្ខណៈស្តង់ដាអន្តរជាតិ៕

  • នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រារព្ធកម្មវិធីបង្ហើរខ្លែងខ្មែរលើកទី១៨ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការចូលរួមប្រកួតបង្ហើរខ្លែងខ្មែរមានមកពីតាមបណ្ដារាជធានី-ខេត្ត និងមហាជនជាច្រើនកុះករបានចូលរួមប្រកួតដើម្បីទទួលបាននូវពានជ័យលាភី ទន្ទឹមនឹងនេះផងដែរខ្លែងដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើខេត្តស្ទឹងត្រែង ចំណាត់ថ្នាក់លេខ២ បានទៅលើខេត្តរតនគិរី ចំណាត់ថ្នាក់លេខ៣ បានទៅលើរាជធានីភ្នំពេញ (លទ្ធផលសម្រាប់ខ្លែងរាជធានីខេត្ត) និងជ័យលាភីចំណាត់ថ្នាក់លេខ១ ផ្នែកមហាជនវិញបានទៅលើខ្លែង ឈ្មោះថា ពេជ្រម្កុដរាជ មានលក្ខណៈជាទូក៕

  • នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៩.០០នាទីនេះ នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំពិភាក្សាស្តីពី “ផលប្រយោជន៍នៃការចូលសន្និសញ្ញាអន្តរជាតិនៃសិទ្ធិអ្នកនិពន្ធ” ក្រោមអធិបតីភាព ឯកឧត្តម សោម សុគន្ធ ប្រធានអង្គប្រជុំនិងជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកគុណសម្បត្តិ និងគុណវិបត្តិក្នុងការចូលជាសមាជិកសន្ធិសញ្ញាអន្តរជាតិ ទាក់ទងនឹងសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដើម្បីការពារផលប្រយោជន៍ដល់អ្នកនិពន្ធខ្មែរ៕

  • នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង០៨.៣០នាទីនេះ នៅសាលអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកពិធីចែកវិញ្ញាបនបត្រ និងបិទវគ្គបណ្តុះបណ្តាលការងាររដ្ឋបាលនិងបទពិសោធការងារ ជូនមន្ត្រីរាជការក្របខណ្ឌថ្មីនៃទីស្តីការក្រសួងនិងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត ដែលទទួលបានការបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនៅសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕

  • ឯកឧត្តម ថៃ នរសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្រ្តី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ភោធតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិកម្ពុជា លើកទី៣ក្រោមប្រធានបទ អានខ្ញុំ យល់ពីពិភពលោក ដែលបានបើកធ្វើជាផ្លូវការហើយកាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលរៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពិព័រណ៍ថ្នាក់ជាតិសម្រាប់ពេលនេះគឺមានតម្លៃពិសេសក្នុងការបណ្តុះគំនិតឲ្យស្រទ្បាញ់ការអានសម្រាប់សាធារណជនគ្រប់ស្រទាប់វណ្ណៈ ពីព្រោះការអានសៀវភៅគឺជាទម្លាប់ដ៏ល្អមួយ បានធ្វើឲ្យមនុស្សយល់អំពីដំណើររឿងដែលកើតទ្បើង ពីអតីតកាល បច្ចុប្បន្នកាល និងព្រឹត្តិការណ៍ផ្សេងៗដែលកំពុងកើតទ្បើងនៅជុំវិញពិភពលោកនោះ៕

  • នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង១៤.៣០នាទីរសៀលនេះ នៅបន្ទប់ប្រជុំអប្សរានៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក គីម មុនហ្វា អគ្គនាយកគ្រឹះស្ថានវប្បធម៌និងផ្សព្វផ្សាយនៃសាធារណៈរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំសិក្ខាសាលាស្តីពី “ការផ្តោះប្តូរវប្បធម៌ក្នុងប្រព័ន្ធផ្សព្វផ្សាយរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណៈរដ្ឋកូរ៉េ” ដែលនឹងប្រារព្វធ្វើនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសណ្ឋាគារអ៊ីនធឺកង់ទីណង់តាល់ ក្នុងគោលបំណងធ្វើឲ្យប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការវប្បធម៌ក្នុងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពង្រឹងសីលធម៌ មិត្តភាព សាមគ្គីភាព និងផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រទេសទាំងពីរ៕

  • លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក Harry Hwang អនុប្រធាននាយកដ្ឋានតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម

    កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង០៨.៣០នាទីព្រឹកទៅ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក Harry Hwang អនុប្រធាននាយកដ្ឋានតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងរាយកាណ៍ពីសកម្មភាពការងារកន្លងមក ពាក់ព័ន្ធនឹងការរៀបចំសន្និសីទពិភពលោកស្តីពី “ទេសចរណ៍និងវប្បធម៌” គឺជាលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ នៅទឹកដីអង្គរ ខេត្តសៀមរាប នាដើមខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខ រៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រសួងទេសចរណ៍ សហការជាមួយអង្គការទេសចរណ៍ពិភពលោក ដើម្បីជម្រុញឲ្យមានការបង្ហាញពីសក្តានុពលផ្នែកបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ ហើយក៏ជាកិច្ចជំនួបកំពូលទ្វេភាគីច្រើនទៀតរវាងរដ្ឋមន្ត្រីវប្បធម៌ និងរដ្ឋមន្ត្រីទេសចរណ៍បណ្តាប្រទេសផ្សេងៗជាង២០ប្រទេសមកចូលរួម។ ការរៀបចំសន្និសីទនេះមានសារប្រយោជន៍ក្នុងគោលបំណងធ្វើឲ្យកម្ពុជាមានលទ្ធភាពបង្ហាញសក្តានុពលស្តីពីសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលជាឱកាសពិសេសក្នុងការបង្ហាញនិងទាក់ទាញនូវកំណើនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត៕

  • នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង០៩.០០នាទីនេះ នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើគម្រោងកម្មវិធីស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌” រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងវប្បធម៌នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងទំនាក់ទំនងមិត្តភាពឲ្យកាន់តែជិតស្និទរវាងប្រជាជាតិនៃប្រទេសទាំងពីរ៕