Catégorie : ព័ត៌មាន


  • ក្រុមអភិរក្សថ្ម(SCU)នៃអាជ្ញាធរជាតិអប្សរាបានជួសជុលបង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១នៃប្រាសាទបន្ទាយសំរ៉ែ បញ្ចប់ជាស្ថាពរហើយកាលពីចុងឆ្នាំ២០២៣កន្លងទៅ។ គម្រោងនេះមានរយៈពេលប្រមាណ៦ខែ ដោយបានចាប់ផ្តើមតាំងពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣មក។ ប្រធានក្រុមការងារអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី បានឱ្យដឹងថា ការងារជួសជុលបង្កាន់ដៃនាគ ប្រវែង២៤ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១របស់ប្រាសាទបន្ទាយសំរ៉ែបានបញ្ចប់កាលពីចុងឆ្នាំ២០២៣កន្លងទៅ។ លោក ឡុង ណារី បន្តថា រចនាសម្ព័ន្ធង្កាន់ដៃនាគរបស់ប្រាសាទបន្ទាយសំរ៉ែ បានរងការខូចខាតធ្ងន់ធ្ងរដោយរលំបាក់បែកជាច្រើនបំណែក កន្លែងខ្លះធ្លាក់លើដី និងខ្លះទៀត ផ្អៀងទ្រេតមិនមានលំនឹងធ្លាក់ថ្មមកលើកម្រាលជាដើម។ លោក ឡុង ណារី ឱ្យដឹងទៀតថា រយៈពេល៦ខែ ក្រុមការងារបានប្រឹងប្រែងប្រមូលបំណែកថ្មបង្កាន់ដៃនាគ ដែលមាននៅនិងកន្លែង និងស្វែងរកបំណែកខ្លះទៀតដែលចល័តទៅទីតាំងផ្សេងៗ យកមករៀបចំផ្គុំឡើងវិញទៅតាមលទ្ធភាពដែលអាចរកឃើញ។ រីឯ ទីតាំងមួយចំនួនដែលមិនអាចរកឃើញ គឺបានបន្ថែមថ្មថ្មីជំនួសដើម្បីឱ្យបង្កាន់ដៃនាគរក្សាបាននូវទម្រង់ដើម និងមានភាពរឹងមាំជាថ្មីម្តងទៀត។ ក្រោយពីក្រុមអ្នកជំនាញបានបញ្ចប់ការងារជួសជុលបង្កាន់ដៃនាគនេះ បានជួយលើកសោភ័ណភាពនៃប្រាសាទនេះឡើងវិញ ព្រមទាំងមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរដែលទស្សនានៅប្រាសាទបន្ទាយសំរ៉ែដែរ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប សូមកុំអង្គុយឬផ្អែកលើសំណង់បុរាណដែលចាស់ទ្រុឌទ្រោមនេះ ដើម្បីរួមគ្នាថែរក្សាបន្តទៅមុខទៀត ប្រយោជន៍សម្រាប់ភាពគង់វង្សយូរអង្វែងនូវមរតកដូនតារបស់យើងទាំងអស់គ្នា៕ អត្ថបទ និងរូបភាព: យី សុថា

  • សេចក្ដីជូនដំណឹង ស្ដីពីការបិទចរាចរណ៍បណ្ដោះអាសន្ននៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំទិវាសរសេរតាមអានលើកទី១ “សំណេរអង្គរ”។

  • អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF)កំពុងជួសជុលប្រាសាទជម ដែលទទួលរងការខូចខាតធ្ងន់ធ្ងរឱ្យរឹងមាំឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូស(Anastylosis) រុះរើតួរបស់ប្រាសាទដើម្បីជួសជុលពង្រឹងគ្រឹះ ពង្រឹងរចនាសម្ព័ន្ធពាក់ព័ន្ធផ្នែកខាងក្រោម ព្រមទាំងជួសជុលថ្មដែលបាក់ខូច និងរៀបផ្គុំតួប្រាសាទជាថ្មីឡើងវិញ ដោយរក្សាឱ្យបាននូវទម្រង់ដើមទាំងស្រុង។ ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា លោក ថៃ យ៉ាម៉ង់ ឱ្យដឹងថា គម្រោងជួសជុលប្រាសាទជម បានចាប់ផ្តើមនៅឆ្នាំ២០១៩ ដោយជំហានដំបូងបានធ្វើកំណាយស្រាវជ្រាវ វាយតម្លៃការខូចខាត ធ្វើសម្រង់ប្លង់និងស្វែងរកឯកសារ និងរូបភាពចាស់ៗសម័យបារាំង ព្រមទាំងរុះរើថ្មតាមបច្ចេកទេសអាណាស្ទីឡូស ដោយបែងចែកជា២ដំណាក់កាល។ ថ្មដែលរើមានចំនួន៣៥ស្រទាប់ ដោយថ្មភក់ចំនួន៣៥៨០ដុំ និងថ្មបាយក្រៀមមាន៤១០០ដុំ។ លោក យ៉ាម៉ង់ ឱ្យដឹងទៀតថា ចំពោះការពង្រឹងគ្រឹះដែលស្រុតឱ្យរឹងមាំឡើងវិញ នៅតាមកន្លែងខូចខាតនានាត្រូវផ្លាស់ប្ដូរថ្មបាយក្រៀមថ្មី និងបច្ចុប្បន្ននេះ កំពុងរៀបសាកល្បងកម្រាល ដើម្បីឈានទៅដល់ការរៀបផ្គុំខឿនរបស់ប្រាសាទទាំងមូលឡើងវិញ។ ស្ថាបត្យកររូបនេះបញ្ជាក់ទៀតថា ថ្មដែលរលុះធ្លាក់ផ្នែកខាងលើបានរកឃើញប្រមាណ៣០ភាគរយ ហើយថ្មមួយចំនួនបានរងការខូចខាតដែលទាមទារការជួសជុល និងព្យាបាលដោយយកចិត្តទុកដាក់។ ជាមួយគ្នានេះដែរ ការស្វែងរកថ្មនៅប្រាសាទជម មានការលំបាក ដោយសារគំនរថ្មខ្លះមានលាយឡំគ្នាជាមួយថ្មប្រាសាទផ្សេងទៀតដែលនៅជុំវិញ។ ស្ថានភាពរបស់ប្រាសាទជម ផ្នែកកំពូលនៃប្រាសាទត្រូវបានរលុះធ្លាក់ កន្លែងខ្លះទៀតហែកក្រៀក ថ្មស្ទើរតែបាត់បង់រូបរាងដើម បណ្តាលមកពីអាយុកាលនៃសំណង់ កត្តាសង្រ្គាម កត្តាកង្វះការថែទាំយូរអង្វែង និងកត្តាធម្មជាតិ ដូចជាឬសឈើចាក់បំបែករចនាសម្ព័ន្ធរបស់ប្រាសាទរហូតទៅដល់ដីគ្រឹះ ធ្វើឱ្យទឹកភ្លៀងហូរចូល នាំឱ្យដីគ្រឹះចុះខ្សោយនិងធ្វើឱ្យស្រុតចុះ ថែមទាំងទ្រេតចំនួន៦ដឺក្រេ។ ក្រុមការងាររំពឹងថាគម្រោងជួសជុលប្រាសាទជម អាចនឹងបញ្ចប់នៅឆ្នាំ២០២៥ខាងមុខ៕…

  • ដោយសារមានសន្ទុះនៃការគាំទ្រនិងសំណូមពរពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ទស្សនីយភាពល្ខោននិយាយរឿង”ផ្កាស្រពោន” បានត្រឡប់មកបង្ហាញវត្តមានឡើងវិញ ដោយមានការសម្ដែងផ្ទាល់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ។ #សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា។ #កិច្ចការពារបេតិកភណ្ឌជាតិជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ -ទីតាំងសាលសន្និសីទចតុម្មុខ៖ https://maps.app.goo.gl/ddvCf2GpcrDSNmGT6?g_st=it

  • នារសៀលថ្ងៃអង្គារ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្តសិល្បៈ បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្ត្រាចារ្យ ហង្ស សុត អតីតអគ្គនាយក បច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១១រោច ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ក្នុងជន្មាយុ៨២ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ ក្នុងនាម លោកជំទាវបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងនូវសមានទុក្ខចំពោះ មរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ ហង្ស សុត គឺជាការបាត់បង់ឳពុក ជីតា ជាទីគោរព ស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌និងតែងតែយកចិត្តទុកដាក់ បីបាច់ ថែរក្សា អប់រំណែនាំ ផ្តល់ដំបូន្មាន ល្អៗដល់កូនចៅប្រកបដោយគន្លងធម៌ និងជាឥស្សរជនមួយរូបដែលបានបូជាកម្លាំងកាយចិត្តក្នុងការបម្រើ បុព្វហេតុជាតិមាតុភូមិគ្រប់កាលៈទេសៈ ប្រាជ្ញា…

  • នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំប្រារឰពិធីសែនព្រេន សុំសេចក្តីសុខសេចក្ដីចម្រើនក្នុងការកាត់សម្អាតរុក្ខជាតិចេញពីក្នុងកសិន្ធុខាងត្បូងប្រាសាទរួមក្នុងបរិវេណប្រាសាទធំដើម្បីលើកម្ពស់សោភណ្ឌភាព និងទេសភាពវប្បធម៌ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

  • ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាដែលជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ បញ្ចប់ជាស្ថាពរ។ ការជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣នេះ បានចាប់ផ្ដើមជួសជុលតាំងពីដើមខែមករា ឆ្នាំ២០២៣មក។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី ឱ្យដឹងថា ក្នុងគម្រោងជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត គឺក្រុមការងារបានជួសជុលថ្មបែកបាក់ចំនួន២៩២ដុំ ដែលរុះរើពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យល្អរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញ។ លោក ឃាម មុនី ឱ្យដឹងទៀតថា បន្ថែមពីលើការជួសជុលថ្មបែកបាក់ពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញនោះ ក្រុមការងារបច្ចេកទេសក៏បានជួយសង្គ្រោះការខូចខាតជាច្រើនកន្លែងផ្សេងទៀតឱ្យប្រសើរឡើងវិញដែរ ដូចជា រុញថ្មដែលញែកចេញពីគ្នាឱ្យចូលគ្នា ពង្រឹងរចនាសម្ព័ន្ធរបស់ប្រាសាទទាំងមូលឱ្យរឹងមាំឡើងវិញដែរ។ ខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តដែលមានអាយុកាលនៃសំណង់យូរលង់មកហើយ បានរងការខូចខាតដោយសារតែដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មខឿន និងចូលទៅក្នុងគ្រឹះធ្វើឱ្យថ្មរហែកញែកចេញពីគ្នា រួមផ្សំនិងកត្តាទឹកភ្លៀងហូរចូលតាមចន្លោះថ្មទៅក្នុងគ្រឹះផងបណ្តាលឱ្យគ្រឹះខ្សោយនិងស្រុត។ ក្រុមអ្នកបច្ចេកទេសរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត គឺជាទីតាំងសំខាន់ដែលធ្វើឱ្យភ្ញៀវទេសចរឆ្លងកាត់ឥតដាច់ ដូច្នេះហើយ បានជាអ្នកជំនាញត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌដ៏មហស្ចារ្យមួយនេះឱ្យបានល្អដើម្បីរួមចំណែកក្នុងការលើកតម្លៃក្នុងតំបន់នេះផង និងអាចបង្កើនកន្លែងទស្សនាដល់ទេសចរឱ្យកាន់តែមានជម្រើសច្រើនផង៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ យី សុថា/ភោគ ជា/ក្រុមការងារជួសជុលខឿនបាកាណប្រាសាទអង្គរវត្ត

  • នាព្រឹកថ្ងៃអង្គារ​ ១៣រោច​ ខែមិគសិរ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០២៤ នៅសាលាខេត្តស្វាយរៀង​ លោកជំទាវបណ្ឌិតសភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និង​វិចិត្រសិល្ប:​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមជាអធិបតី​ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣​ និងលេីកទិសដៅការងារឆ្នាំ២០២៤​ របស់រដ្ឋបាលខេត្តស្វាយរៀង​ និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង​។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្ដម​ លោកជំទាវ​ លោក​ លោកស្រី អនុប្រធាន​ សមាជិក​ សមាជិកា​ ក្រុមការងារ​ ឯកឧត្ដម​ លោកជំទាវ​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ មន្រ្តីរាជការសាលាខេត្ត​ មន្រ្តីរាជការមន្ទីរជំនាញ​ អង្គភាពពាក់ព័ន្ធជុំវិញខេត្តសរុបប្រមាណ​ ៥២០នាក់។ នាឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិតសភាចារ្យ​រដ្ឋមន្រ្តីក៏បានពាំនាំនូវការផ្ដាំផ្ញេីសាកសួរសុខទុក្ខ​ពីសំណាក់​ សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ សមាជិកឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ អតីតប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង​ និងបានថ្លែងកោតសរសេីរ​ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តស្វាយរៀង​ ដែល បានបំពេញភារកិច្ចក្នុងឆ្នាំ២០២៣​…

  • ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា និងប្រជាជនចិន ស្របតាមអនុសាសន៍របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានដាក់ចេញនូវគោលនយោបាយលើកស្ទួយកំណើនទេសចរ។ ក្នុងឆ្នាំថ្មី ២០២៤ នេះ ប្រមុខរដ្ឋាភិបាលចិន បានចាត់ថ្នាក់ដឹកនាំ ឱ្យដឹកនាំបេសកជន មន្ត្រីការទូត វិនិយោគទុន ធុរកិច្ចជន ភ្ញៀវទេសចរ និងក្រុមសិល្បៈចិន ប្រមាណ ១,០០០នាក់ មកបំពេញទស្សនកិច្ច ទស្សនាសៀមរាប និងមានការសម្ដែងសិល្បៈផ្លាស់ប្ដូរវប្បធម៌រួមគ្នាផងដែរ។ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានរៀបចំព្រឹត្តិការណ៍នៃពិធីបើកផ្លូវការ នៃឆ្នាំផ្លាស់ប្ដូរប្រជាជនកម្ពុជា និងប្រជាជនចិន ២០២៤ នៅបរិវេណព្រះលានជល់ដំរី ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលនឹងមានការសម្ដែងសិល្បៈចម្រុះមិត្តភាពកម្ពុជា-ចិន ដោយមានការចូលរួមពីអ្នករបាំ និងក្រុមតន្ត្រីវង់ធំរបស់ចិន ជិត ១០០នាក់ រួមជាមួយអ្នករបាំ និងតន្ត្រីករនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមកុមារនៃសិស្សសាលាវត្តបូព៌ ប្រមាណ ១០០នាក់ នឹងនាំមកនូវទស្សនីយភាពដ៏អស្ចារ្យនៃទម្រង់សិល្បៈរួមបញ្ចូលគ្នាកម្ពុជា-ចិន ដើម្បីបង្ហាញជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ បានទស្សនានាឱកាសនោះ៕

  • ៧​ មករា​ គឺជាថ្ងៃនៃការចងចាំនូវមហាវីរ:ភាព​ ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន​ បន្សល់ទុកមរតក​នៃជីវិតប្រជាជនខ្មែរ​ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន​ ជាពិសេសបានឱ្យគេស្គាល់កម្ពុជា​ មិនត្រឹមតែជាវាលពិឃាត​ មកស្គាល់ កម្ពុជា​ ជាកម្ពុជាដែលពោរពេញដោយសន្តិភាព​ និងការអភិវឌ្ឍលេីគ្រប់វិស័យ​ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា។ ៧ មករា ១៩៧៩ – ៧ មករា ២០២៤