Catégorie : ព័ត៌មាន


  • នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសម្ពោធ Kawaii-Con Cambodia 2023 នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងបង្កើតឱកាសនិងកិច្ចសហប្រតិបត្តិការ ក្នុងការបំផុសគំនិតច្នៃប្រឌិតនិងពង្រឹងចំណងមិត្តភាពកម្ពុជានិងជប៉ុនឱ្យកាន់តែរឹងមាំថែមទៀត។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺជាផ្នែកនៃខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន និងខួបលើកទី៥០ឆ្នាំនៃគម្រោងរំលឹកមិត្តភាពនិងកិច្ចសហប្រតិបត្តិការជប៉ុន-អាស៊ាន៕

  • នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្មវិធីអប់រំបេតិកភណ្ឌ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ បានដឹកនាំសិស្សានុសិស្សចំនួន១៨៥នាក់ រួមមានថ្នាក់ទី៥ និងទី៦នៃសាលាបឋមសិក្សាក្របីរៀល ចុះទស្សនកិច្ចសិក្សានៅប្រាសាទបាយ័ន ដែលស្ថិតនៅក្នុងអតីតរាជធានីអង្គរធំសម័យអង្គរ ដើម្បីឱ្យកុមារដែលរស់នៅក្បែររមណីយដ្ឋានអង្គរ បានសិក្សាស្វែងយល់ពីអារ្យធម៌ ការរៀបចំក្រុងអង្គរធំ រួមទាំងផាត់ពណ៌រូបភាពផ្សេងៗជាផ្នែកមួយកម្មវិធីអប់រំបំណិនជីវិត។ ជាពិសេសបង្ហាញនូវភាពជាក់ស្តែងនៃកិច្ច ការពារ ថែរក្សា អភិរក្ស ការងារគ្រប់គ្រង និងការអភិវឌ្ឍចីរភាពជាអង្វែងសម្រាប់តំបន់អង្គរ៕ រូបភាព: លោក ភោគ ជា

  • ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបើក “មហោស្រពភាពយន្តជប៉ុន លើកទី៩” នៅផ្សារទំនើប អេអន១ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដៃគូសហការ និង អ្នកឧបត្ថម្ភ ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើន។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហាប់ ទូច បានមានប្រសាសន៍គាំទ្រនូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ និងសូមជំរុញលើកទឹកចិត្តដល់ផលិតករនៃប្រទេសទាំងពីរ ចាប់ដៃគ្នាបង្កើតឱកាសវិនិយោគលើវិស័យភាពយន្តតាមរយៈការផ្លាស់ប្តូរបទពិសោធន៍លើការផលិតភាពយន្ត ជាពិសេសសហការផលិតខ្សែភាពយន្តរួមគ្នាក្នុងគោលដៅពង្រឹងឧស្សាហកម្មភាពយន្តកម្ពុជានិងក្នុងចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ជាដែនដីស្វាគមន៍នៃការថតភាពយន្តជាតិនិងបរទេសឱ្យកាន់តែមានភាពរស់រវើកថែមទៀត។ ក្នុងនាម លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលជប៉ុននិងប្រជាជនជប៉ុន ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការ និងចូលរួមចំណែកយ៉ាងសំខាន់ផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ ក្នុងបុព្វហេតុអភិរក្សសម្បត្តិបេតិកភណ្ឌ ព្រមទាំងអភិវឌ្ឍធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធវប្បធម៌នានា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា។ រូបភាព៖ ការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន

  • នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកChristopher Michael និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សរបស់អង្គការ Kulen Outreach សរុបចំនួន៥០នាក់ បានមកទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរ។ គោលបំណង គឺសិក្សាស្វែងយល់ពីចំណេះដឹងប្រវត្តិសាស្រ្ត ប្រវត្តិសិល្បៈ សំណង់ស្ថាបត្យកម្ម និងការរៀបចំក្រុងក្នុងរាជព្រះបាទជ័យវរ្ម័នទី៤។ ជាចុងក្រោយប្រធានអង្គការ Kulen Outreach លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារសម្របសម្រួលដំណើរទស្សនកិច្ចសិក្សានេះរហូតដល់ចប់ដោយសេចក្តីសប្បាយរីករាយ។

  • រួតបាកាណ ឬកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តដែលមានកម្ពស់ប្រមាណ៦៥ម៉ែត្រ គឺជាគោលដៅដ៏សំខាន់បំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលតែងតែឡើងទៅទស្សនា។ ជារៀងរាល់ថ្ងៃ មន្ត្រីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាប្រចាំសម្រាប់ភ្ញៀវទេសចរដែលឡើងទៅទស្សនាផង និងថ្វាយគ្រឿងសក្ការៈបូជាផង នៅលើរួតបាកាណនៃប្រាសាទអង្គរវត្តនេះ។ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ប្រចាំការប្រាសាទអង្គរវត្ត លោក ឡេក គិមលីន មានប្រសាសន៍ថា ដើម្បីសុវត្ថិភាពរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ភ្ញៀវដែលឡើងទៅទស្សនារួតបាកាណ។ ការឡើងលើរួតបាកាណនេះ គឺមានបញ្ញត្តិមួយចំនួនដូចជា ទី១ ការឡើងទៅលើកំពូលប្រាសាទ គឺមិនឱ្យលើសពី១០០នាក់ទេក្នុងពេលទស្សនាម្ដងៗ ដើម្បីបង្ការពីសុវត្ថិភាពរបស់ភ្ញៀវ និងដើម្បីការពារប្រាសាទ។ ទី២ តម្រូវឱ្យភ្ញៀវទេសចរទាំងឡាយគោរពទៅតាម(ក្រមប្រតិបត្តិអង្គរ)មិនស្លៀកពាក់ខ្លី មិនសមរម្យ ត្រូវរក្សាភាពស្ងៀមស្ងាត់ និងសណ្តាប់ធ្នាប់ក្នុងកំឡុងពេលទស្សនា ហើយរយៈពេលទស្សនាទៀតសោត គឺមិនលើសពី១៥នាទីឡើយ។ ទី៣ ហាមក្មេងដែលមានអាយុក្រោម១២ឆ្នាំ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានជំងឺខ្សោយបេះដូងឡើងទៅលើរួតបាកាណ ពីព្រោះតែជណ្ដើរមានរាងចោតខ្លាំង៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក យី សុថា/ ក្រុមភ្នាក់ងារទេសចរណ៍ប្រាសាទអង្គរវត្ត

  • នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ព្រមទាំងឯកឧត្ដម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានធ្វើមរណកាលនារំលងអាធ្រាតថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ លោកជំទាវរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ បានសម្តែងសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹក ជាមួយក្រុមគ្រួសារសព ចំពោះមរណភាពរបស់ឯកឧត្ដម អ៊ុក សុជាតិ ដែលជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីកោរពស្រឡាញ់ប្រកបដោយព្រហ្មវិហាធម៌ និងជាការបាត់បង់ឥស្សរជនមួយរូបដែលបានបូជាកម្លាំងកាយចិត្ត ក្នុងការបម្រើជាតិមាតុភូមិគ្រប់កាលៈទេសៈ ព្រមទាំងបានបូជាកម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងពេលវេលាចូលរួមចំណែកយ៉ាងសកម្មក្នុ្ងការបម្រើវិស័យវប្បធម៌ និងវិចិត្រសិល្បៈ។

  • សារលិខិតរំលែកមរណទុក្ខរបស់ក្រសួង​វប្បធម៌ជូន លោកជំទាវ សូ សូលីដារី ព្រមទាំងក្រុមគ្រួសារ! All reactions: 113113

  • ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានក្តីស្រណោះសោកស្តាយ និងសូមសម្ដែងនូវសេចក្តីសោកស្រណោះអាឡោះអាល័យជាពន់ពេកនេះ ជាមួយលោកជំទាវ សូ សូលីដារី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:០៤នាទី រំលងអាធ្រាត ដោយរោគាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ។ មរណភាពរបស់ ឯកឧត្តម អ៊ុក សុជាតិ គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ដែលជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូន ចៅ និងជាការបាត់បង់នូវធនធានមនុស្សដែលជាឥស្សរជនដ៏ឆ្នើមមួយរូប របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជា ព្រឹទ្ធាចារ្យវិរៈសិល្បករ និងជាថ្នាក់ដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើ ថែរក្សា ការពារ និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ឱ្យមានភាពរីកចម្រើន ដែលជាគំរូវីរ:ភាព និងជាគុណបំណាច់របស់ ឯកឧត្តម ចំពោះបុព្វហេតុបម្រើជាតិមាតុភូមិ។ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយនឹងលោកជំទាវ សូ…

  • ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣

  • ថ្លែងក្នុងឱកាសសម្ពោធចាក់បញ្ចាំងភាពយន្តរឿង ប្រុសលក់ខ្លួន របស់ផលិតកម្ម LD Picture នៅរោងភាពយន្ត Major Cineplex សាខាអេអន១ កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ផលិតកម្ម LD Picture និងសូមជំរុញលើកទឹកចិត្តដល់លោក អគ្គនាយកផលិតកម្ម ព្រមទាំងក្រុមការងារទាំងអស់ឱ្យបន្តសកម្មភាពដ៏មានសារៈសំខាន់នេះ ព្រមទាំងបង្កើតឱកាសវិនិយោគថ្មីៗបន្ថែមទៀតក្នុងវិស័យភាពយន្ត។ សូមបញ្ជាក់ថាភាពយន្តរឿង ប្រុសលក់ខ្លួន បានចាប់ផ្តើមផលិតនៅពាក់កណ្តាលឆ្នាំ២០២៣ ដោយមានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ និងប្រទេសវៀតណាម។ ភាពយន្តនេះគ្រោងនឹងចាក់បញ្ចាំងនៅក្នុងតាមរោងភាពយន្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ ព្រមទាំងមានការចាក់បញ្ចាំងនៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។